ជ្រើសរើសភាសា: Khmer Khmer English English
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារសម្រាប់កិច្ចប្រជុំ ច្រកចេញចូលតែមួយ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី ការពិនិត្យគម្រោងវិនិយោគនៅថ្នាក់រាជធានី-ខេត្ត» នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច
អ្នកនិពន្ធ: Vannak SoThea
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ ២០២៣

កាលថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០២៣, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារសម្រាប់កិច្ចប្រជុំ ច្រកចេញចូលតែមួយ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី ការពិនិត្យគម្រោងវិនិយោគនៅថ្នាក់រាជធានី-ខេត្ត» នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល នេះ គឺជាផ្នែកមួយក្នុងការពង្រឹងសមត្ថភាពធនធានមនុស្ស ដើម្បីបំពេញបេសកកម្មស្នូល និង ពាក់ព័ន្ធ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្របតាម ចក្ខុវិស័យក្រសួងឆ្នាំ ២០៣០ ជាស្ថាប័ននៃឧត្តមភាព ប្រកបដោយសមត្ថភាព និង គុណវុឌ្ឍិគ្រប់គ្រាន់ក្រោមដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភា-ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្ថែមថា ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ, រាជរដ្ឋាភិបាលសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការកសាងក្របខណ្ឌច្បាប់ និង លិខិតបទដ្ឋានសំខាន់ៗ ដើម្បីជំរុញការអភិវឌ្ឍវិស័យឯកជន, ពង្រឹង និង កែលម្អបរិយាកាសធុរកិច្ច និង ការវិនិយោគ ដូចជា ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាថ្មី, ច្បាប់ស្តីការប្រកួតប្រជែង, ច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ និង ច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់គោលការណ៍ និង បទប្បញ្ញត្តិបន្ថែម ព្រមទាំងបានសម្រួលដល់ដំណើរការធ្វើធុរកិច្ច និង វិនិយោគ​​​​​ តាមរយៈការធ្វើឌីជីថលូបនីយកម្ម, ការចុះបញ្ជី, ការចេញវិញ្ញាបនបត្រនានា, និង ការរៀបចំថ្នាលបច្ចេកវិទ្យាសម្រាប់សម្រួលពាណិជ្ជកម្ម, ការផ្លាស់ប្តូរទិន្នន័យ ជាដើម ។ ទន្ទឹមនេះ, រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត ដើម្បីផ្តល់សិទ្ធិសម្រេច និង ការធ្វើប្រតិភូកម្មអំណាចកាន់តែច្រើនថែមទៀត ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការពិនិត្យសម្រេចគម្រោងវិនិយោគ ដែលមានទុនវិនិយោគសមមូលទាប ជាង ៥ លានដុល្លារអាមេរិក ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបញ្ជាក់ថា ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់នូវការលើកទឹកចិត្តច្រើនជាងមុន មានភាពទាក់ទាញ និង ប្រកបដោយភាពអំណោយផល សម្រាប់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ និង បរទេស រួមទាំងការធានា និង ការការពារវិនិយោគ, សេវាថែទាំវិនិយោគ និង ការដោះស្រាយវិវាទ ។ បន្ថែមពីលើនេះ, រាជរដ្ឋាភិបាលនឹងដាក់ចេញនូវអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលមានលក្ខណៈលម្អិត និង ច្រើនជាងអនុក្រឹត្យមុន ។ ក្នុងន័យនេះ, ស្ថាប័នពាក់ព័ន្ធ ពិសេសអង្គភាពនានាក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រួមទាំងមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានីខេត្ត ត្រូវស្វែងយល់ និង ពង្រឹងសមត្ថភាព ទាំងក្របខណ្ឌច្បាប់ បទប្បញ្ញតិ បច្ចេកទេស នីតិវិធី និង ការងាររដ្ឋបាល ក្នុងការពិនិត្យគម្រោងវិនិយោគ ម៉្យាងច្បាប់ និង បទប្បញ្ញត្តិពាក់ព័ន្ធវិនិយោគ ត្រូវបានតាក់តែងថ្មី និង ម៉្យាងការងារចូលរួមពិនិត្យគម្រោងវិនិយោគនៅថ្នាក់រាជ-ធានីខេត្តក៏ថ្មី សម្រាប់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកទឹកចិត្តដល់អ្នកចូលរួមវគ្គបណ្តុះបណ្តាលនេះ យកចិត្តទុកដាក់ស្តាប់, ស្វែងយល់ និង កត់ត្រា ដោយផ្តោតលើច្បាប់, បទប្បញ្ញត្តិ, នីតិវិធី និង បទពិសោធន៍ពិនិត្យគម្រោងវិនិយោគរបស់ស្ថាប័នទាំងនេះ ពិសេសចំណុចទាំងឡាយណា ដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្ថែមថា វគ្គ បណ្តុះបណ្តាលនេះ ជាចំណុចចាប់ផ្តើមដ៏ល្អមួយ ហើយត្រូវមានវគ្គបណ្តុះបណ្តាល ជាបន្តបន្ទាប់ទៀត លើប្រធានបទស្រដៀងគ្នា និង ផ្សេងៗគ្នា រួមជាមួយនឹងសកម្មភាពផ្សព្វផ្សាយ និង ការចែករំលែកឯកសារ ​និង ព័ត៌មានផ្សេងៗផងដែរ ។

ព័ត៌មានទាក់ទង